
កាលបរិច្ឆេទ: ០៩ តុលា ២០២៥ / សុខភាព / Author : ATH Sokren
ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមការងាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលមកពីភ្នាក់ងារចែកចាយឱសថ Syaro បានបង្កើនទំនាក់ទំនងជាមួយគ្រូពេទ្យផ្នែកសម្ភពនៅមណ្ឌលសុខភាព VH Anastasis នាទីក្រុង Cotonou ក្នុងបំណងជំរុញឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជាប្រើប្រាស់ផលិតផលដ៏ល្បីរបស់សហគ្រាស ដូចជាថ្នាំ Gynomax និងថ្នាំ Kinafon។ គំនិតផ្តួចផ្តើមនេះដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិត SAMBIENI Olivier និងលោកស្រី TOGBE Brigitte មានគោលបំណងបង្កើនការចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ផលិតផលទាំងអស់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅប្រទេសបេណាំង ដោយសង្កត់ធ្ងន់ទៅលើតម្លៃសមរម្យបើប្រៀបធៀបទៅនឹងផលិតផលរបស់គូប្រជែង។
នៅក្នុងជំនួបទាំងនោះ ចំណុចធំៗសំខាន់គឺការរម្លឹកពីលក្ខណៈពិសេសរបស់ថ្នាំ Gynomax និងថ្នាំ Kinafon និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលផ្តោតទៅលើតម្លៃ និងគុណភាពនៃផលិតផលរបស់សហគ្រាសបើធៀបទៅនឹងដៃគូប្រកួតផ្សេងៗទៀតនៅលើទីផ្សារឱសថ។ ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ដោយមានទទួលអាហារសម្រន់សម្រាប់អ្នកចូលរួម និងមានចែកអំណោយជាសម្ភារៈផ្សេងៗ ដើម្បីជាសក្ខីភាពបង្ហាញពីឆន្ទៈរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសបេណាំងក្នុងការបង្កើតឱ្យមានទំនុកចិត្ត និងចូលរួមលើកតម្លៃដល់បុគ្គលិកពេទ្យនៅមូលដ្ឋាន។
លោក SEHOU Angelo អគ្គនាយកភ្នាក់ងារចែកចាយ Syaro បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តនៃជំនួបនេះ ក្នុងបំណងពង្រឹងវត្តមានរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅលើទីផ្សារប្រទេសបេណាំង ដោយផ្តោតទៅលើការចុះជួបផ្ទាល់ និងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលដែលចេញវេជ្ជបញ្ជា៕